ថ្ងៃនេះជា ថ្ងៃអាទិត្យ ទី១៣កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦
ដោយ រស្មី | 📅 ថ្ងៃទី ១ មីនា ២០២៦

ហេតុអ្វីបានជា “មនុស្សល្ងង់” គួរឱ្យខ្លាចជាង “មនុស្សអាក្រក់”?

សង្គមមួយតែងតែរៀបចំការពារខ្លួនពីទង្វើអាក្រក់ តែមិនមានអាវុធណាមួយការពារយើងពីទង្វើល្ងង់ខ្លៅរបស់អ្នកដទៃនោះទេ!

នៅអំឡុងឆ្នាំ១៩៣៥ ព្រះ​ភិរម្យ​ភាសា អ៊ុក អ៊ូ ដែលអ្នកស្រុកជំនាន់នោះច្រើនហៅថា ភិរម្យ ង៉ុយក្រម ង៉ុយ បាននិពន្ធកំណាព្យមួយបទ ដែលគេច្រើនហៅតគ្នាថា កំណាព្យ "បណ្ដាំក្រមង៉ុយ" ដែលមានអត្ថន័យស្ទើរតែទាំងស្រុងណែនាំឱ្យខ្មែរយើងត្រូវចេះស្អប់ខ្ពើម និងជៀសឱ្យផុតពីភាពល្ងង់ខ្លៅ។ ខ្ញុំសូមស្រង់យកចំណុចខ្លះដែលលោកបានសរសេរឡើងដូចខាងក្រោមនេះ៖

ជាតិខ្មែរមិនចេះខ្មាស
នាំពីចាស់គំនិតខ្លី
ល្ងង់ដប់ចេះពីរបី
ចេះជួញក្តីមិនចេះច្បាប់។
មិនចេះលេខអក្សរ
មុខមាត់ល្អប្រាជ្ញាអាប់
ឈ្មោះខ្លួនភ្នែកខ្លួនស្រាប់
គេសូត្រប្រាប់ទើបបានដឹង។
ភ្នែកជាភ្លឺក្រលែត
ល្ងង់ព្រោះហេតុមិនខំប្រឹង
កើតទាស់មានចិត្តខឹង
ពឹងរកគេសរសេរឲ្យ។

សម្រាប់ខ្លួនខ្ញុំផ្ទាល់ ខ្ញុំជឿថាកំណាព្យនេះពិតជានៅតែមានអត្ថន័យនិងជាមេរៀនដ៏សំខាន់មួយសម្រាប់សង្គមខ្មែរបច្ចប្បន្ន! ជាពិសេសខ្ញុំជឿថា មនុស្សល្ងង់គួរឱ្យខ្លាចជាងមនុស្សអាក្រក់ទៅទៀត!

ឈប់សិន! ឈប់សិន! កុំទាន់ខឹងខ្ញុំ! 🙏 សូមទុកឱកាសឱ្យខ្ញុំបានពន្យល់ពីហេតុផលរបស់ខ្ញុំសិន! ហើយខ្ញុំសូមចាប់ផ្តើមពីចំណុចនេះមុន...

ក្តៅស៊ីរាក់ ត្រជាក់ស៊ីជ្រៅ

សុភាសិតខ្មែរមួយបាននិយាយថា "ក្តៅស៊ីរាក់ ត្រជាក់ស៊ីជ្រៅ"។ សម្រាប់បរិបទនេះ មានន័យថា បើយើងដឹងឬសង្ស័យថា​មនុស្សណាម្នាក់ជាមនុស្សអាក្រក់ យើងច្បាស់ជាប្រុងប្រយ័ត្នជាមួយបុគ្គលនោះ មិនសូវឱ្យមកក្បែរ ឬទុកចិត្តគេនោះទេ។ តែសម្រាប់មនុស្សល្ងង់វិញ យើងមិនសូវជាចេះប្រយ័ត្នជាមួយទេ ដូច្នេះហើយ បើនិយាយពីហានិភ័យចំពោះយើងវិញ មនុស្សល្ងង់ ជាហានិភ័យខ្ពស់ជាងដោយសារពួកគេនៅក្បែរយើងជាង។ បើយើងពន្លាតឧទហរណ៍នេះដល់បរិបទសង្គមជាតិវិញ យើងអាចនិយាយបានថាភាពល្ងង់ខ្លៅ វាបំផ្លាញជាតិជាងទង្វើអាក្រក់ទៅទៀត ព្រោះសង្គមជាតិមួយតែងតែមានច្បាប់ទម្លាប់ដើម្បីការពារសង្គមជាតិនោះ ពីទង្វើអាក្រក់ តែសម្រាប់អំពើល្ងង់ខ្លៅវិញ យើងច្រើនតែទុកឱ្យសហគមន៍ជាអ្នកមើលការខុសត្រូវ។

ពេលដែលមនុស្សអាក្រក់ ធ្វើអំពើអាក្រក់ យើងអាចប្រើច្បាប់ដើម្បីកាត់ទោស ហើយមនុស្សស្ទើរតែគ្រប់គ្នាក្នុងសង្គមអាចយល់ដូចគ្នាថា អ្វីជាអំពើអាក្រក់ អ្វីជាអំពើល្មើសច្បាប់ដែលមិនត្រូវធ្វើ ប៉ុន្តែចំពោះ "ភាពល្ងង់ខ្លៅ" វិញ យើងគ្មានអាវុធអ្វីតតាំងបានឡើយ។ មនុស្សល្ងង់ក្នុងន័យនេះ មិនមែនមនុស្សមិនចេះអ្វី ហើយខ្វះចំណេះដឹងទេ ប៉ុន្តែមនុស្សដែល "បដិសេធមិនព្រមប្រើខួរក្បាលដើម្បីពិចារណា"។ នៅពេលអ្នកយកហេតុផល ឬច្បាប់ទៅនិយាយជាមួយពួកគេ ពួកគេនឹងមិនស្តាប់ ហើយបើអ្នកយកភស្តុតាងទៅបង្ហាញ ពួកគេនឹងច្រានចោលថាជារឿងមិនសំខាន់ជាដើម។ អ្វីដែលគួរឱ្យខ្លាចគឺ មនុស្សល្ងង់តែងតែមានមោទនភាពលើខ្លួនឯង និងឆាប់ខឹងបំផុតនៅពេលមានគេមករិះគន់។

ខ្ញុំសូមលើកករណីច្បាប់ចរាចរណ៍មកជាឧទាហរណ៍ តើអ្នកដែលបើកមិនគោរពច្បាប់ ជិះបញ្ច្រាសទិស បើកបរដោយស្រវឹង...-ល- ជាមនុស្សអាក្រក់ ឬមនុស្សល្ងង់? ហើយតើមានករណីគ្រោះថ្នាក់ចរាចរណ៍ប៉ុន្មានករណីដែលអាចជៀសវាងបានសិនជាគាត់គ្រាន់តែពិចារណាបន្តិច? ខ្ញុំសូមរំលឹកថា បច្ចុប្បន្នករណីស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាមានប្រហែល៥ ករណីក្នុងមួយថ្ងៃ។

មនុសល្ងង់គឺជាឧបករណ៍ដែលមនុស្សអាក្រក់ត្រូវការបំផុត

នៅក្នុងសង្គមខ្មែរបច្ចុប្បន្ន បើអ្នកប្រើប្រាស់បណ្តាញសង្គម ឬតាមដានព័ត៌មានមួយចំនួន​អ្នកនឹងបានលឺពីរឿងឆបោកណាមួយមិនខាន។ ហើយក្នុងករណីនីមួយៗ ពេលដែលមានការបង្រ្កាប អ្នកនឹងឃើញ​ ទង្វើនេះគឺច្រើនតែមានមេខ្លោងពីរបីនាក់ទេ ក្រៅពីនោះ អ្នកដែលចូលរួមប្រព្រឹត្តិបទល្មើស និងទង្វើបោកប្រាស់ គឺគ្រាន់តែ "ធ្វើតាមការបង្គាប់របស់មេ"​ តែប៉ុណ្ណោះ។ បងប្អូនគិតទៅមើល បើគ្មានមនុស្ស "ល្ងង់" ទាំងនោះធ្វើតាមការបញ្ជារបស់មនុស្ស "អាក្រក់" ជាមេខ្លោងទេ តើការបោកប្រាស់ណាមួយ អាចកើតឡើងជាទំហំធំដែរឬទេ?

បើនិយាយដល់ប្រវត្តិសាស្ត្រជូរចត់របស់យើង ក្នុងសម័យខ្មែរក្រហម តើមានមនុស្ស "អាក្រក់" ប៉ុន្មានអ្នកជាក្បាលម៉ាស៊ីន? មនុស្ស "អាក្រក់" ទាំងអស់នោះអាចទៅកៀរគរមនុស្សរាប់លានអ្នកពីទីក្រុង ហើយសម្លាប់មនុស្សជិតពីរលានអ្នកដែរឬទេ? មនុស្សអាក្រក់​មិនអាចធ្វើទង្វើអាក្រក់ណាប៉ះពាល់សង្គមជាតិខ្លាំង​ដោយគ្មានការចូលរួមពីមនុស្សល្ងង់នោះទេ!

រឿងមួយទៀតដែលគួរឱ្យខ្លាចនោះគឺ មនុស្សល្ងង់មិនសុទ្ធតែជាអ្នកធ្វើការតូចតាចទេ! ពេលខ្លះមនុស្សល្ងង់ក៏បានឡើងកាន់តំណែងដឹកនាំដែរ! ហើយពួកគេតែងតែនាំគ្រោះថ្នាក់ដល់អ្នកដែលនៅក្រោមការដឹកនាំរបស់ខ្លួន មិនថាជាការងារឯកជន ឬការងាររដ្ឋទេ! ដូចអ្វីដែលខ្ញុំបានបញ្ជាក់ខាងលើអញ្ចឹង បើយើងឃើញថាមនុស្សម្នាក់ (ក្នុងករណីនេះ មេដឹកនាំម្នាក់) ជាមនុស្សអាក្រក់ យើងអាចរិះរកដំណោះស្រាយ ផ្លាស់ប្តូរ ឬយ៉ាងហោចណាស់ ការពារខ្លួនពីមេដឹកនាំអាក្រក់នោះដែរ តែដល់ពេលមានមេដឹកនាំល្ងង់ មនុស្សមួយចំនួនធំ ច្រើនតែ​មិនខ្វល់ សុខចិត្តសើចចម្អក ឬមិនគិតថាអាចជាបញ្ហា។ ឧទាហរណ៍សាមញ្ញ បើនៅលើទូកតែមួយ មេដឹកនាំអាក្រក់មិនពន្លិចទូកចោលទេ ព្រោះគេដឹងថាបើលិច គឺស្លាប់ទាំងអស់គ្នា តែមេដឹកនាំល្ងង់វិញ សុខចិត្តធ្វើអ្វីគ្រប់យ៉ាងដើម្បីឱ្យតែ "ឈ្នះចិត្ត" រួមទាំងការពន្លិចទូកដែលកំពុងជិះជាមួយគ្នាផង។

តើអ្វីជាដំណោះស្រាយ?

អ្វីដែលយើងបាននិងកំពុងធ្វើបច្ចុប្បន្នគឺការផ្តល់ការអប់រំដល់មនុស្សគ្រប់គ្នា។ ប្រទេសស្ទើរតែទាំងអស់រួមទាំងប្រទេសកម្ពុជាយើង បានដាក់ការអប់រំជាសិទ្ធរបស់ប្រជាពលរដ្ឋ ព្រោះការអប់រំជាដំណោះស្រាយបឋមមួយដ៏មានប្រសិទ្ធភាពទប់ទល់នឹងភាពល្ងង់ខ្លៅ។ តែពេលខ្លះ វាក៏អាចមិនមានប្រសិទ្ធភាពដែរ

លោក ប៊នហូហ្វ័រ (Bonhoeffer) ដែលជាអ្នកនិពន្ធនិងអ្នករស់រានពីរបបណាស្សី (Nazi) មួយរូបបាននិយាយថា ការបង្រៀន ឬការផ្តល់ចំណេះដឹងបន្ថែម ជួនកាលមិនអាចជួយសង្គ្រោះមនុស្សឱ្យផុតពីកម្លៅបានឡើយ។ សម្រាប់លោក ប៊នហូហ្វ័រ អ្វីដែលមនុស្សគ្រប់រូបត្រូវការបំផុតគឺ "ការរំដោះខ្លួនដោយចិត្តឯង" (Internal Liberation)។ មនុស្សត្រូវហ៊ានក្រោកឈរគិតដោយខ្លួនឯង មិនត្រូវឱ្យអំណាច ឬឥទ្ធិពលក្រុមមកគ្រប់គ្រងខួរក្បាលបានឡើយ។ ដូច្នេះ បន្ថែមលើការផ្តល់ការអប់រំ យើងត្រូវតែបណ្តុះគំនិតឱ្យមនុស្សគ្រប់គ្នាក្នុងសង្គម ហ៊ានគិត ហ៊ានពិចារណា។

មតិយោបល់ (0)

កំពុងផ្ទុកមតិយោបល់...

បញ្ចេញមតិយោបល់របស់អ្នក